Pages

Sunday, May 21, 2017

តើអ្នកដឹងអ្វីខ្លះអំពីធាថកំបាំងនៅប្រាសាទបន្ទាយឆ្មា





ប្រាសាទបន្ទាយឆ្មារនេះគឺជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងឡើងនៅចន្លោះចុងស.វទី១២ និងដើមស.វទី១៣ ដើម្បីឧទ្ទឹសដល់ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ស្រិន្ទ្រកុមារ និងសញ្ជក់ទាំង៤ ដែលបានពលីជីវិតនៅក្នុងសមរភូមិ ក្នុងពេលបង្ក្រាបការបះបោររបស់ជនក្បត់ម្នាក់ឈ្មោះ រាហ៊ុ នៅតំបន់នេះ។ យោងតាមសិលាចារឹកជាភាសាខ្មែរបុរាណ K.227 ដែលរកឃើញនៅក្នុងប្រាសាទ (បច្ចុប្បន្នតម្កល់នៅក្នុងសារមន្ទីរជាតិភ្នំពេញ) បានលើកសរសើរអំពីវីរៈភាពរបស់ព្រះរាជបុត្រា ស្រិន្ទ្រកុមារ និងមេទ័ពទាំងបួន ដែលបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញប្រយុទ្ធជាមួយកសត្រូវលុះត្រាដល់ជីវិតចុងក្រោយ។ ក្រោយពីបានកសាងរួច គេបានតម្កល់បដិមាព្រះរាជបុត្រា នៅក្នុងប្រាសាទកណ្តាល ចំណែកឯបដិមាតំណាងមេទ័ពទាំងបួនគឺតម្កល់នៅតួប៉មទាំងបួនដែលនៅអមប្រាង្គកណ្តាល។ ប្រាសាទនេះ គឺជាប្រាសាទពុទ្ធសាសនាមហាយាន មានប្លង់ស្រដៀងគ្នានឹងប្រាសាទព្រះខាន់ និងប្រាសាទតាព្រហ្មនៅតំបន់អង្ករដែរ។ ប្រាសាទបន្ទាយឆ្មារកសាងបែរមុខទៅទឹសខាងកើត ហើយនៅតាមថែវគេមានឆ្លាក់ចម្លាក់ចំបាំងតាមទូក និងបដិមានៃការគោរពបូជាចំពោះអទិទេពលោកេស្វរៈ។
នៅខាងកើតប្រាសាទមានបារាយណ៍មួយ ទំហំ 1.6 Km x 0.8km ហើយនៅចំកណ្តាលបារាយណ៍គឺមានសំណង់ប្រាសាទមេបុណ្យមួយ។ នៅក្នុងសវទី២០ អ្នកស្រាវជ្រាវបារាំងបានចាប់ផ្តើមស្រាវជ្រាវ និងរៀបចំបរិវេណប្រាសាទឡើងវិញ។ ប៉ុន្តែ ដោយសារមូលហេតុសង្គ្រាមស៊ីវិល គម្រោងស្រាវជ្រាវទាំងអស់ត្រូវបានបញ្ឈប់។ នៅចន្លោះឆ្នាំ ១៩៩១ ដល់ ១៩៩៣ ប្រាសាទបន្ទាយឆ្មារបានទទួលរងគ្រោះដោយលួចជីកគាស់កកាយ រកវត្ថុសិល្បៈ និងរូបបដិមា ហើយជញ្ជាំងថែវមួយចំនួនត្រូវបានក្រុមចោរ ដឹកជញ្ជូនយកទៅលក់នៅប្រទេសថៃ។ ដោយមានកិច្ចសហការណ៍របស់អាជ្ញាធរមានសមត្ថកិច្ចរវាងប្រទេសកម្ពុជា និងថៃ គេបានស្ទាក់ចាប់បានចោរ និងវត្ថុសិល្បៈមួយចំនួនដែលលួចចេញពីតំបន់ប្រាសាទបន្ទាយឆ្មារ ហើយចម្លាក់ខ្លះត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការណ៍ជាមួយស្ថាប័នជាដៃគូរអភិវឌ្ឍន៍ បានធ្វើការជួសជុល និងរៀបចំផ្នែកមួយចំនួននៃប្រាសាទបន្ទាយឆ្មារនេះឡើងវិញ។
ដោយ: Devata

No comments:

Post a Comment