Pages

Tuesday, May 23, 2017

អាថកំបាំងអំពីអាប

លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ លើកឡើងថា តាំងពីសម័យបុរាណតរហូតមកដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យបច្ចុប្បន្ននេះ ក៏នៅមានជំនឿទៅលើអាប ធ្មប់ដែរ ។ គេជឿថាអាប និងធ្មប់នោះជាឥទ្ធិពលម្យ៉ាង ដែលមានអានុភាពមកលើជីវិតមនុស្សទូទៅ ដែលអានុភាពនេះអាចធ្វើឱ្យមនុស្សឈឺស្លាប់ ឬជាសះស្បើយឡើងវិញតាមបញ្ជានៃមនុស្ស ដែលជារូបអាប ឬគ្រូធ្មប់នោះ ។

មិនមែនតែនៅប្រទេសខ្មែរយើងទេ ប៉ុន្តែនៅប្រទេសដទៃទៀត នៅទ្វីបអាហ្វ្រិក អាស៊ី ពិសេសក្នុងសង...្គម ដែលរស់នៅដាច់ឆ្ងាយពីមជ្ឈដ្ឋានអារ្យធម៌ គេនៅតែជឿទៅលើឥទ្ធិពលនៃសិល្ប៍សាស្ត្រនេះ ។ អ្នកប្រាជ្ញនៅបស្ចិមប្រទេសជាច្រើនបានវាយតម្លៃជំនឿនេះថា មានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រ ។ ក្រៅពីនេះជំនឿចំពោះអាប និងធ្មប់ ស្ថិតនៅជាអាថ៌កំបាំងសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅឡើយ ។

បណ្តាអ្នកប្រាជ្ញស្រាវជ្រាវ ខាងមន្តអាគម (magie) ធ្លាប់បានគិតថា ៖ «អំពើ» (malefice) ចំណុះទៅលើមុខសញ្ញាពីរជាមូលដ្ឋាន ៖
១-ភាគីអ្នកធ្វើ
២-ភាគីអ្នកទទួលអំពើ

*ភាគីអ្នកធ្វើ ៖
តែងតែចេះលៃច្នៃយ៉ាងណាឱ្យអ្នកផងចាប់អារម្មណ៍ថា អំពើនេះមានប្រសិទ្ធភាពកាចសាហាវសំបើមអស្ចារ្យគួរឱ្យតក់ស្លុត នៅពេលដែលគេចាត់ចែងរៀបចំធ្វើពិធីប្រសិទ្ធី ឬតម្រង់អំពើនេះឆ្ពោះទៅរកមនុស្សណាមួយ ។

*ភាគីអ្នកទទួល ៖
ភាពសាហាវសំបើមអស្ចារ្យនៃពិធីបញ្ជូនអំពើនេះ ធ្វើឱ្យអ្នកបានឃើញ (អ្នកនៅជិតខាង) រួមទាំងសាមីជនដែលត្រូវទទួលអំពើនេះផង មានការភ័យតក់ស្លុត ហើយហាក់ដូចជាស្ម័គ្រព្រមទទួលនូវអំពើអាប ធ្មប់នេះ បានន័យថា ខាងផ្លូវចិត្តគេអស់សង្ឃឹម ឬគេបានឈឺជាស្រេចរួចទៅហើយ ដោយដេករង់ចាំតែការឈឺចាប់ និងសេចក្តីស្លាប់ប៉ុណ្ណោះ ។ សព្វថ្ងៃនេះកុលសម្ព័ន្ធជាច្រើននៅទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ខ្មែរ ក៏នៅតែមានជំនឿទៅលើអំពើរបស់ធ្មប់នេះដែរ ។

នៅពេលស្រាវជ្រាវអំពីជំនឿទៅលើអាប និងធ្មប់ នៅស្រុកគិរីវង់ ខេត្តតាកែវ លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានសម្ភាសន៍ជាមួយគ្រូមន្តអាគម ចាស់ៗ មានលោកតាទៀប ឡុច អាយុ៩៦ឆ្នាំ លោកតាកិម ផង់ អាយុ៨០ឆ្នាំ លោកតាអួង អូក អាយុ៧៦ឆ្នាំ អំពីបញ្ហានេះ ។ លោកតាទាំងនោះបានមានប្រសាសន៍ថា អាប និងធ្មប់នៅស្រុកខ្មែរ វាមានលក្ខណៈដោយឡែកខុសពីអាប និងធ្មប់នៅបណ្តាទ្វីបអាហ្វ្រិក ឬទ្វីប ដទៃៗទៀត ។ នៅស្រុកខ្មែរគេចែកអាប និងធ្មប់ដាច់ដោយឡែកពីគ្នា ។ ចំពោះអំពើរបស់វា ក៏ខុសប្លែកគ្នាដែរ ។ លោកតាទាំងបីមានប្រសាសន៍បន្តទៀតថា ដោយឃើញថា ចំណេះនេះវាផ្ទុយនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ ពោលគឺពួកនេះជាភាវៈអាក្រក់ដើរសាបព្រោះតែអំពើវិនាសកម្ម និងទុក្ខវេទនាដល់អ្នកដទៃ ឥតមានអាណិតអាសូរឡើយ ។

លោកតាទាំងបីចាត់ទុកថា ជាទុវិជ្ជាមិនគួរសិក្សារៀនសូត្រទេ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គម សោះ ។ តែដើម្បីមានសមត្ថភាពទប់ទល់ការពារនឹងអំពើដ៏កាចសាហាវនេះ ពួកគាត់បានរៀនមន្តគាថា សិល្ប៍សាស្ត្រ និងឱសថ ខ្លះៗដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះពីអំពើរបស់អានុភាពទាំងពីរនេះ ។

លោកតាទាំងបីរូបបានវែកញែកថា អាប និងធ្មប់នៅប្រទេសខ្មែរយើងជាភាវៈពីរខុសគ្នាគឺ ៖
១-អាប
តាមឮ ចាស់ៗ តំណាលតៗគ្នាមកថា រូបអាបដើមឡើយបានសិក្សារៀនសូត្រស្នេហ៍មុខ ។ រូបអាបកម្រមានភេទប្រុសណាស់ ។ ស្ត្រីដែលរៀនស្នេហ៍មុខនេះ លុះបានកាន់អនុវត្ត យូរៗទៅ សិល្ប៍មន្តស្នេហ៍នេះក៏ចូលជោកក្នុងខ្លួនស្ត្រីនេះ ហើយក្លាយទៅជារូបអាបទៅ ។ ព្រលឹងអាបបានសណ្ឋិតស្នាក់នៅក្នុងតួអង្គរូបនេះជានិច្ចកាល ។ ប្រសិនបើរូបអាបនេះថ្នាំងថ្នាក់ អាក់អន់ចិត្ត ខឹងនឹងអ្នកណាមួយ ព្រលឹងអាបទៅធ្វើអ្នកនោះឱ្យចុកពោះ ឈឺពោះ ឬឡប់ស្មារតី និយាយលែងដឹងខុសត្រូវ ។

ចាស់ៗនិយាយទៀតថា ពេលយប់ព្រលឹងអាបចេញពីតួរូបទៅរកស៊ីឈាមគំរង់ កូនកង្កែប មានរូបភាពជាភ្លើងពណ៌ខៀវ ធំជាងភ្លើងអំពិលអំពែក ។ ពេលវាដើរ ឬអណ្តែត ភ្លើងនេះមិនមានសកម្មភាព ភ្លឹបភ្លែតៗ ភ្លឺរលត់ៗ ដូចអំពិលអំពែកទេ គឺវាភ្លឺធ្លោរហូតតែបើកាលណាវាចង់បំបាំងខ្លួន ឬគេចពីឧបសគ្គអ្វីមួយ វាពន្លត់ភ្លើងឱ្យងងឹតមួយរយៈ។ បើសភាពការណ៍បានស្រួលជាឡើងវិញ ទើបអាបបញ្ចេញរស្មីភ្លឺខៀវជាបន្តទៀត ។

គេតែងឃើញអាបអណ្តែតប៉ប្រះៗ ដីស្វែងរកអ្នកដែលទើបសម្ភពកូន ថ្មីៗដែលជាធម្មតា តែងតែមានឈាមធ្លាក់ចុះមកក្រោមផ្ទះ ឬក្រោមគ្រែដែលជាកន្លែងសម្រាលកូន ។ ប៉ុន្តែជាទូទៅនៅស្រុកស្រែចម្ការ ពេលសម្រាលកូនគេតែងរកគ្រូមកធ្វើភ្លើង (សែកមន្តវិជ្ជាការព័ទ្ធសីមា ការពារព្រាយក្រឡាភ្លើង ឬការពារអាបមកយាយីព្យាបាទស្ត្រីសំរាលកូន) ដោយយកអំបោះមកព័ទ្ធសីមា ឬស្រាស់បន្លាជុំវិញគំនរឈាម ។ គេតែងតែនិយាយ តៗគ្នាមកថា គេឃើញរូបភាពអាបជាពោះវៀន រតីរតៃធ្លាក់ចុះប៉ប្រះដី ឯភ្លើងខៀវផ្នែកខាងលើ គឺជាក្បាលអាប ។ គេថា ពោះវៀននោះគឺជាពោះវៀនរបស់ស្ត្រីជាតួរូបអាបនោះឯង ។ លុះស្វែងរកស៊ីចំណីក្នុងពេលយប់បានឆ្អែតឆ្អន់ហើយ ព្រលឹង ឬរូបភាពអាបក៏វិលមកចូលក្នុងតួរូបអាបជាមនុស្សវិញ (ចំពោះបញ្ហាអាបនេះ អ្នកនិពន្ធរឿងភាពយន្តខ្មែរ បានតែងជារឿងមួយមានចំណងជើងថា «កូនអើយម្តាយអាប» ក្នុងសម័យទសវត្សទី៧០) ។

ប្រសិនបើក្នុងពេលរកស៊ីមានទាក់ជាប់ស្អិតក្នុងបន្លារើពុំរួច ឬក៏ត្រូវគ្រូសិល្ប៍ណាមួយចាប់បាននោះ គេថារូបអាបជាមនុស្សនោះនឹងត្រូវឈឺស្លាប់ភ្លាម ។ នៅក្នុងភូមិនានានៃស្រុកស្រែចម្ការ អ្នកផងតែងតែខ្លាចរូបអាបនេះណាស់ ។ បើកាលណារូបអាបនេះមករកទិញ ខ្ចី ឬសុំអ្វីគេតែងតែបំពេញចិត្តគាត់ភ្លាម ធ្វើយ៉ាងណាកុំឱ្យគាត់ខឹង ព្រោះខ្លាចព្រលឹងអាបមកធ្វើ ប៉ុន្តែជាចៃចន្យបើយាយរូបអាប ឈឺស្លាប់ដោយត្រូវសិល្ប៍គ្រូខ្លាំងពូកែណាមួយ ឬស្លាប់ដោយអស់អាយុសង្ខារនោះ អ្នកស្រុកគេហាក់ដូចជាធូរចិត្តច្រើនណាស់ ព្រោះគេលែងមានអ្នកឱ្យទុក្ខដល់គេទៀត ។

https://www.tagserve.asia/clickServlet?AID=1991&MID=45&PID=56&SID=2895&CID=167&SUBID=

លោកតាកឹម ផង់ បានមានប្រសាសន៍ថា គាត់បានរៀនសូត្រមន្តគាថា ខ្លះៗដែរ សម្រាប់ការពារអំពើរបស់អាប ឬក៏សម្រាប់ចាប់អាបកុំឱ្យមកធ្វើទុក្ខបុកម្នេញអ្នកស្រុក ឬក៏បណ្តេញអំពើអាក្រក់របស់អាបឱ្យវិនាសខ្ចាត់ខ្ចាយក្នុងគោលបំណងជួយសង្គ្រោះញាតិអ្នកស្រុកពីការព្យាបាទរបស់អាប ។ ជាញឹកញយជាងគេ គេអាចសម្គាល់បានថា អ្នកជំងឺត្រូវអំពើរបស់អាបដោយចុកពោះយា៉ងខ្លាំង ដាក់ថ្នាំអ្វីក៏ពុំត្រូវ គេសង្កេតឃើញកែវភ្នែកអ្នកជំងឺចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតា ។ បើមានសញ្ញាបែបនេះ គេច្បាស់ជាទៅអញ្ជើញគ្រូសិល្ប៍មន្ត ដើម្បីមកបណ្តេញកម្ចាត់អំពើរបស់អាប ។

គ្រូមិនសុទ្ធតែអាចសម្រេចបំណងដេញអាបបានទាំងអស់នោះទេ ។ បើគ្រូខ្សោយជាងអាបនោះ សែកមន្តបញ្ចេញអាបមិនចេញពីអ្នកជំងឺឡើយ គឺនៅតែឈឺដដែល ។ ជួនកាលអាបបានចំអកឡកឡាយឱ្យគ្រូតាមរយៈអ្នកជំងឺ មានខមអណ្តាត ញាក់មុខពេបមាត់ដាក់គ្រូ ឬពោលពាក្យថា «យើងមិនខ្លាចឯងទេ អញ្ជើញថយចេញជាប្រញាប់»...

ប៉ុន្តែបើគ្រូនោះពូកែខ្លាំងខាងសិល្ប៍សាស្ត្រមន្តគាថាវិញ គេមានសមត្ថភាព ឬមធ្យោបាយដ៏ស័កសិទ្ធិ ដើម្បីបណ្តេញបង្ក្រាបអាបឱ្យខ្លបខ្លាច ឱ្យចេញ ឬចាប់ចងអាបសួរចម្លើយ ឱ្យប្រាប់ឈ្មោះប្រាប់ទីកន្លែងដែលវានៅ ។ គ្រូខ្លាំងអាចធ្វើឱ្យអាបឈឺចាប់ ហើយស្រែកទ្រហោយំអង្វរញ័រដៃ ញ័រជើង សន្យាថា នឹងលែងមកធ្វើអ្នកស្រុក អ្នកភូមិទៀតហើយ ។ តាមរយៈសម្តីអ្នកជំងឺ អាបអង្វរគ្រូថា «សូមមេត្តាកុំសម្លាប់ ព្រោះមានកូនច្រើននៅក្នុងបន្ទុក ។ បើគ្រូសម្លាប់ ខ្លួននឹងចោលកូនឱ្យនៅកំព្រីកំព្រា លំបាកវេទនាជាមិនខាន» ។

គ្រូខ្មែរយើងច្រើនតែជាអ្នកជ្រួតជ្រាបពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ម្ល៉ោះហើយគេតែងតែមានធម៌មេត្តាអត់ទោស សន្តោសដល់អាប គ្រាន់តែវាយដំដោយឫទ្ធីនៃមន្តអាគម តែមិនសម្លាប់ទេ ។ គេជឿថា បើសម្លាប់ព្រលឹងអាបនោះ រូបដែលព្រលឹងអាបសណ្ឋិតនោះក៏ស្លាប់ដែរ ។ ធម្មតាគ្រូតែងមានចិត្តធម៌អាណិតទាំងអ្នកជំងឺ អាណិតទាំងអាប ពោលគឺគេសង្គ្រោះអ្នកជំងឺឱ្យឆ្លងផុតពីអំពើរបស់អាប ហើយលោះលាត្រាប្រណីអាបឱ្យមានជីវិតរស់នៅតទៅទៀត តែត្រូវលះបង់អំពើអាក្រក់ជាដាច់ខាត ។

*បៀបចាប់អាប ឬវាយបណ្តេញអាប
លោកតាផង់ ដែលមានជំនាញពិសេសខាងចាប់អាប ហើយដែលអាបនៅទីជិតខាងខ្លបខ្លាចគាត់នោះ បាននិយាយប្រាប់អ្នកយកការណ៍អំពីរបៀបចាប់អាបថា ៖ មុនដំបូងគេយកប្រេងដូងមកសូត្រគាថា បាលី យកអំបោះមកចងកដៃទាំងពីរ កជើងទាំងពីរ និងចង.កអ្នកជំងឺ ហើយវាយអ្នកជំងឺ (ក្នុងន័យឧបកិច្ច) នឹងធាងក្តាត (វាយ តិចៗល្មម) ។ ពេលវាយគេត្រូវសូត្របាលីថា «ពុទ្ធំពន្ធំ សោឆាយៈ ធម្មំពន្ធំ សោឆាយៈ សង្ឃំពន្ធំ សោឆាយៈ» ។ គេសូត្រផ្លុំៗបណ្តើរ ចង.កដៃ កជើង និងកអ្នកជំងឺបណ្តើរ ។ គេសូត្របាលីនេះ ដើម្បីខ្ទប់ច្រកទ្វារទាំង៥ដែលអាបត្រូវចេញ ។ បើធ្វើយ៉ាងនេះហើយ អាបពុំអាចចេញបានឡើយ ។ លុះសូត្របាលីគាថា ខ្ទប់ច្រកទ្វារអាបរួចហើយ គ្រូត្រូវសូត្របាលីមួយបែបទៀត គឺចងអាបមិនឱ្យធ្វើសកម្មភាពអ្វីបានទៀត ព្រោះគ្រូប្រយ័ត្នណាស់ ។

កាលណាចងទ្វារច្រកចេញរួចហើយ គេពុំទាន់អាចទុកចិត្តបានថា អាចខ្ទប់ច្រកអាបបានទាំងស្រុងនៅឡើយ ដូច្នេះដើម្បីឱ្យច្បាស់លាស់គេត្រូវប្រើវិធានការទីពីរទៀត គឺចងអាបមួយជាន់ទៀត ។ ដើម្បីចងអាបគេសូត្របាលីម្យ៉ាងទៀតហៅថា បាលីចំណងឧបគត «ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ តថេរំ នថេហិ» ។ ដើម្បីរឹតចំណងអាបឱ្យកាន់តែ តឹងឡើងៗធ្វើឱ្យអាបឈឺចាប់លំបាកវេទនា គេសូត្របាលីមួយបែបទៀត គឺសូត្រផងវាយផង (វាយអ្នកជំងឺ) ។ គេត្រូវសូត្រថា «ពន្ធំ មហាពន្ធំ នារាយពន្ធំ មហានារាយពន្ធំ ឧបគតថេរំ នថ្ថេហិ» ។

ពេលនោះអាបដែលចូលក្នុងខ្លួនអ្នកជំងឺស្រែកទ្រហោយំយ៉ាងខ្លាំង ដោយពុំអាចទ្រាំទ្របាន និងសិល្ប៍មន្តគាថារបស់គ្រូ ។ អាបអង្វរសូមឱ្យស្រាយចំណងដើម្បីបើកច្រកឱ្យវាចេញ ព្រោះវាខ្លបខ្លាច វារាងចាលហើយ ។ ប៉ុន្តែគ្រូដែលមានបទពិសោធន៍នោះ មិនចាញ់បោកអាបឡើយ ។ គ្រូពុំព្រមទទួលពាក្យអង្វររបស់អាប ហើយក៏មិនស្រាយចំណងណាមួយក្នុងចំណោមចំណងទាំងប្រាំឱ្យអាបចេញឡើយ ។ គ្រូនិយាយទៅកាន់ព្រលឹងអាប ដែលចូលក្នុងខ្លួនអ្នកជំងឺថា «ផ្លូវដែលឯងត្រូវចេញ គឺទ្វារអាចម៍ (គូទ) ឯងត្រូវចេញតាមផ្លូវនោះចុះ ។ ជាធម្មតាអាបមិនចង់ចេញតាមវច្ចមគ្គ (ទ្វារលាមក) ទេ ព្រោះវាត្រូវអាម៉ាស់ផង និងសាបឥទ្ធិពលវាផង គឺពុំអាចធ្វើអ្នកណាបានទៀតឡើយ ។ ប៉ុន្តែដោយគ្រូមានមហិទ្ធិរឹទ្ធិខ្លាំងជាង ហើយដោយអាបពុំអាចទ្រាំទ្រ និងការវាយដំ និងចំណងដ៏តឹងណែនរបស់គ្រូផងនោះ វាក៏សម្រេចចិត្តចេញតាម «គូទ» ។

នៅមានបាលីចងអាប ឬវាយអាប់ខ្លះទៀត តែព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ សង្ខេបត្រឹមប៉ុណ្ណេះ។ គ្រូមានបាលីគាថាច្រើនបែបយ៉ាងនេះ ដើម្បីការពារក្រែងគាថាខ្លះមិនសូវមានប្រសិទ្ធភាព គេតម្រូវប្រើគាថា ផ្សេងៗទៀត ទាល់តែអាចបង្ក្រាបអាបបានទើបឈប់ ។ ចំពោះអាបណាសាហាវឃោរឃៅធ្វើបាបអ្នកស្រុកខ្លាំងពេកនោះ គ្រូសម្រេចចិត្តវាយសម្លាប់អាបនោះដែរ។ តែករណីបែបនេះមិនសូវមានទេ ។ សព្វថ្ងៃនេះព្រលឹងអាបកាន់តែក្រទៅៗ ។ តំបន់ជនបទជាច្រើនស្ទើរលែងមានអាបទៅហើយ ។

ដោយ: Austine

No comments:

Post a Comment