Pages

Monday, May 22, 2017

តើមនុស្សស្លាប់ទៅអាចយកលុយទៅតាមខ្លួនបានដែរឫទេ?

បុរសម្នាក់ប្រឹងធ្វើការរកប្រាក់ដូចគេដូចឯងដែរ ប៉ុន្តែបែរជាកំណាញ់ម៉ៅស្វិតមិនគិតអ្នកនៅរស់។ ចៃដន្យថ្ងៃមួយ បុរសលោភលន់បានប្រាប់ប្រពន្ធនូវបំណងប្រាថ្នាមិននឹកស្មានដល់មួយ ថាចង់ឲ្យនាងកប់លុយទាំងអស់ដែលគេរកបានទៅជាមួយនៅពេលស្លាប់ មិនគិតទុកឲ្យប្រពន្ធកូនឡើយ។
ពេលវេលាដើរកាន់តែលឿន ឯបុរសជាប្ដីនោះកាន់តែជរា ហើយនៅពេលរៀបផុតដង្ហើម រូបគេបាននិយាយប្រាប់ប្រពន្ធម្ដងទៀត ឲ្យកប់លុយទាំងអស់ដែលរកបានទៅក្នុងមឈូស។ ចំណែកប្រពន្ធ ក៏មិនបានប្រកែកឡើយ ហើយសន្យាថានឹងបំពេញបំណងប្រាថ្នាចុងក្រោយរបស់ប្ដី។
ពិធីបុណ្យសពបានដំណើរការធម្មតា ប៉ុន្តែនៅពេលរៀបកប់មឈូស នារីជាប្រពន្ធបានស្រែកឲ្យគេផ្អាក និងដាក់មឈូសចុះវិញ។ បន្ទាប់មកនាងបានដាក់របស់ម្យ៉ាងចូលទៅក្នុងមឈូសជាមួយសពប្ដី រួចចាក់សោវិញដូចមុន។ ឃើញដូចនេះ មិត្តនាងម្នាក់បានលាន់មាត់ឡើង “ខ្ញុំគិតថាឯងមិនឆ្កួតដល់ថ្នាក់យកលុយទាំងអស់ ទៅកប់ជាមួយមនុស្សកំណាញ់នោះទេ”។
ទោះយ៉ាងណា នារីជាប្រពន្ធបានឆ្លើយតបវិញ ធ្វើឲ្យមិត្តនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ “ចាស, ខ្ញុំសន្យាមែន… ខ្ញុំជាគ្រិស្តសាសនិកដ៏ល្អម្នាក់ ខ្ញុំមិនអាចកុហកទេ… ខ្ញុំសន្យាជាមួយគាត់ថា ខ្ញុំនឹងដាក់លុយទាំងអស់ចូលមឈូសរបស់គាត់”។
មិត្តនាងបានបន្តសួរទៀតថា តើនាងពិតជាកប់លុយឲ្យប្ដីទាំងអស់ សូម្បីមួយកាក់មួយសេនក៏មិនទុកដែរមែនទេ? នារីជាប្រពន្ធបានប្រាប់ពីគំនិតវ័យឆ្លាតរបស់ខ្លួនថា “ចាស, ខ្ញុំដាក់មែនតើ.. ខ្ញុំបានយកលុយនោះទៅដាក់ក្នុងកុងធនាគាររបស់ខ្ញុំ… ហើយខ្ញុំសរសេរសែកមួយដាក់លុយទាំងអស់នោះទៅឲ្យប្ដី”។
ទោះបីជាសាច់រឿងខ្លីមែនពិត ប៉ុន្តែវាបានបង្កប់គំនិតសំខាន់ពីរ គួរពិចារណា។ ទីមួយនារីជាប្រពន្ធ មិនបានប្រឆាំងបំណងប្រាថ្នាប្ដី មិនក្បត់សន្យាជាមួយប្ដី តែក៏មិនល្ងង់ដាក់លុយទៅឲ្យប្ដី។ ចំណែកទីពីរ ប្ដីជាមនុស្សលោភលន់ខ្លាំង ចុងក្រោយគ្មានបានអ្វីទៅតាមខ្លួន មានត្រឹមពាក្យគេថា។ កុំស្លាប់ដូចពស់ រស់ដូចកង្កែប… ពេលនៅរស់ឲ្យគេអាណិតស្រលាញ់ ឯពេលស្លាប់ទៅឲ្យគេសោកស្ដាយ៕

ដោយ: kley kley

No comments:

Post a Comment